ផលិតផលកសិកម្មមួយចំនួន ដែលកសិករផលិតបានច្រើន ដូចជា ត្រសក់ ឆៃថាវ ៘ ហើយលក់មិនអស់ ឬក៏លក់បានតំលៃថោកពេក គេអាចកែច្នៃយកទៅធ្វើផលិតផលផ្សេងៗ ដើម្បីទុកឲ្យបានយូរ ឬលក់មានតំលៃថ្លៃជាងផលិតផលស្រស់ទៀតផង ។ យ៉ាងណាមិញ ដូចជាបងស្រី សុខ ច្រិប រស់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល គាត់មានមុខរបរធ្វើជ្រក់ត្រសក់លក់អស់រយៈពេល ៥ ទៅ ៦ ឆ្នាំកន្លងមកហើយ ។ ជ្រក់ត្រសក់របស់បងស្រីមានរសជាតិឆ្ងាញ់ និងស្រួយល្អ លក់ដាច់ខ្លាំងណាស់ គឺលក់តែមួយព្រឹកៗ ប៉ុណ្ណោះអស់ ២៥ គីឡូក្រាម ។
បងស្រីបានប្រាប់ឲ្យដឹងថា ដើម្បីធ្វើជ្រក់ត្រសក់ឲ្យបានឆ្ងាញ់ត្រូវធ្វើតាមលំដាប់លំដោយដូចខាងក្រោម :
ដំបូងត្រូវយកត្រសក់ទៅលាងឲ្យ ស្អាត (ត្រសក់ ចំនួន ២៥ គីឡូក្រាម) រួចស្រង់ដាក់កញ្ច្រែងឲ្យស្រស់ទឹក ។ បន្ទាប់មករៀបត្រសក់ដាក់ក្នុងខាប់លាយគ្រឿងផ្សំ មានទឹក ១៥ លីត្រ អំបិល ១ គីឡូក្រាម ប៊ីចេងកន្លះខាំ និងស្ករពាង ១ គីឡូ លាយបញ្ចូលគ្នា រួចដាំឲ្យពុះ។
យកទឹកអំបិលក្តៅឧណ្ហៗ ដែលបានដាំខាងលើ ទៅចាក់ចូលក្នុងខាប់ឲ្យលិចត្រសក់ រួចគ្របទុក ។ រយៈពេលតែពីរថ្ងៃប៉ុណ្ណោះត្រសក់ជូរល្មមអាចយកទៅបរិភោគ ឬលក់បាន ។
ឆ្លងតាមបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក បងស្រីបានឲ្យដឹងថា
ការដាក់ប៊ីចេង និងស្ករ ជ្រក់ត្រសក់ពុំអាចទុក បានយូរទេ វាអាចទៅជាដុះផ្សិត ។ ប៉ុន្តែដោយសារបងស្រីធ្វើហើយភ្លាមលក់អស់ភ្លាម ដូច្នេះគាត់ដាក់ប៊ីចេង និងស្ករដើម្បីឲ្យមានរសជាតិឆ្ងាញ់ប៉ុណ្ណោះ ។
ចំពោះត្រសក់ គួរជ្រើសរើសយកក្តិបត្រសក់ ទើបធ្វើឲ្យត្រសក់ស្រួយឆ្ងាញ់ ហើយអ្នកបរិភោគនិយមចូលចិត្ត និងលក់ដាច់ផង ។
ដូច្នេះ បងប្អូនកសិករបើចង់ធ្វើជ្រក់ត្រសក់មានរសជាតិឆ្ងាញ់ គួរអនុវត្តតាមបទពិសោធន៍របស់បងស្រីខាងលើពិតជាមិនខុសបំណងឡើយ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
បទពិសោធន៍ធ្វើជ្រក់ត្រសក់
loading...
loading...
10Aug2016
Post a Comment